៥ ចំនុចត្រៀមខ្លួនសម្រាប់ការសម្ភាសការងារ - Arvakas Jobs

៥ ចំនុចត្រៀមខ្លួនសម្រាប់ការសម្ភាសការងារ

១. ត្រៀមខ្លួនឲ្យបានរួចរាល់ និងធ្វើការហាត់សម

ធ្វើការហាត់សមឆ្លើយសំនួរដែលអ្នកគិតថាអ្នកសម្ភាសន៍នឹងសួរអ្នក។ ព្យាយាមរកចំលើយណាដែលខ្លីតែខ្លឹមហើយទាក់ទងនឹងអ្វីដែលអ្នកបានសរសេរក្នុង CV។ ត្រូវស្តាប់សំនួរឲ្យបានច្បាស់មុននឹងធ្វើការឆ្លើយដើម្បីប្រាកដថាអ្នកផ្តល់ចំលើយអ្វីដែលអ្នកសំភាសន៍ចង់បាន។ ចំលើយរបស់អ្នកគួរតែសង្កត់ធ្ងន់ទៅលើជំនាញអ្វីដែលអ្នកមានដែលនយោជកចង់បានបំផុត ហើយវាទាក់ទងទៅនឹងតួនាទីដែលអ្នកបានដាក់។ 

ពេលសំភាសន៍ចប់គេនឹងសួរថាតើអ្នកមានចម្ងល់អ្វីដែរឬទេ? កុំភ្លេចត្រៀមសំនួរដើម្បីសួរទៅកាន់អ្នកសំភាសន៍វិញដើម្បីបង្ហាញថាអ្នកពិតជាចាប់អារម្មណ៍ខ្លាំងលើក្រុមហ៊ុននោះ។ 

២. ស្រាវជ្រាវពត៌មានអំពីក្រុមហ៊ុន

អ្នកសំភាសន៍អាចនឹងសួរអ្នកថាតើអ្នកដឹងអ្វីខ្លះអំពីក្រុមហ៊ុនគេ។ អ្នកគួរតែស្វែងរកពត៌មានខ្លះៗអំពីក្រុមហ៊ុនដែលអ្នកបានដាក់ការងារនោះ ដើម្បីអោយដឹងច្បាស់ថាក្រុមហ៊ុនអ្នកលក់ផលិតផលអ្វីឬផ្តល់សេវាកម្មអ្វី ហើយក្រុមហ៊ុនមានចក្ចុវិស័យនិងបេសកម្មអ្វីខ្លះ។ 

៣. ទៅដល់កន្លែងសំភាសន៍ឲ្យទាន់ពេលវេលា

សូមជៀសវាងទៅយឺតម៉ោង ការទៅយឺតម៉ោងបង្ហាញថាអ្នកមិនយកចិត្តទុកដាក់ចំពោះការងារនិងជាមនុស្សគ្មានទំនួលខុសត្រូវ។ អ្នកគួរតែទៅដល់កន្លែងសំភាសន៍មុនយ៉ាងណាស់ ១៥ នាទី ទៅ កន្លះម៉ោងដើម្បីមានពេលត្រៀមខ្លួនឲ្យបានរួចរាល់ ដក់ដង្ហើមវែងៗដើម្បីកាត់បន្ថយការភ័យ ហើយរំលឹកទ្បើងវិញនៅចម្លើយដែលអ្នកបានត្រៀមសម្រាប់ឆ្លើយសំនួរ។ 

៤. ព្យាយាមធ្វើចិត្តឲ្យស្ងប់

ក្នុងកំទ្បុងពេលកំពុងសំភាសន៍ សូមធ្វើចិត្តឲ្យស្ងប់ កុំភ័យ កុំគិតរឿងអ្វីផ្សេងត្រូវផ្តោតទៅលើសំនួរដែលអ្នកសំភាសន៍សួរអ្នក។ ត្រូវឆ្លើយប្រកបដោយទំនុកចិត្ត ហើយប្រើក្រសែភ្នែកសម្លឹងទៅរកអ្នកសំភាសន៍ កុំងាកមុខចេញ។ ជៀសវាងនិយាយកាត់ពេលដែលអ្នកសំភាសន៍កំពុងសួរសំនួរមកកាន់តអ្នក។ បើអ្នកឆ្លើយសំនួរអត់ចេញហើយត្រូវការពេលដើម្បីរកនឹកចម្លើយ អ្នកអាចសុំពេលអ្នកមួយភ្លែតដើម្បីរកនឹក វាមិនចោទជាបញ្ហាអ្វីទេ ប៉ុន្តែកុំយូរពេក។ 

៥. ធ្វើការថ្លែងអំណរគុណទៅដល់អ្នកសំភាសន៍

អ្នកត្រូវតែធ្វើការអរគុណដល់អ្នកសំភាសន៍ចំពោះការផ្តល់ឪកាសដើម្បីឲ្យអ្នកបានមកដល់វគ្គសំភាសន៍នេះ។ វាជាអាកប្បកិរិយាមួយដែលបង្ហាញថាអ្នកជាមនុសចេះគោរពនិងឲ្យតម្លៃអ្នកដទៃ។ អ្នកគួរតែផ្ញើរ Email ទៅគាត់ផងដែរដើម្បីធ្វើការថ្លែងអំណរគុណម្តងទៀត ក៏ដូចជាតាមដាននូវលទ្ធផលសំភាសន៍។

ប្រភព៖ Edutainment KH