ធ្វើយ៉ាងដូចម្តេចទើបមានទំលាប់ក្រោកពីព្រលឹម?
១. រកហេតុផលសំខាន់បំផុតដែលអ្នកត្រូវក្រោកពីព្រលឹម
ជាការពិតបើសិនជាអ្នកគ្មានហេតុផលដ៏សំខាន់ដែលអ្នកត្រូវក្រោកពីព្រលឹមទេនោះ អ្នកនឹងមិនដែរធ្វើវាបានទេ។ ដូច្នេះអ្នកគួរតែចំនាយពេលដើម្បីស្វែងរកមូលហេតុដ៏ធំបំផុតដែលអ្នកត្រូវតែភ្ញាក់ពីគេងអោយបានលឿន វាអាចជាអ្វីមួយដ៏សាមញ្ញដូចជាបើសិនអ្នកក្រោកពីព្រលឹម អ្នកនឹងមានពេលញុំាអាហារពេលព្រឹក ទៅធ្វើការទាន់ពេលវេលា មិនតែប៉ុណ្ណោះអ្នកអាចផ្តើមធ្វើកិច្ចការរបស់អ្នកឲ្យឆាប់ហើយ ដូច្នេះអ្នកនឹងឆាប់បានឈប់សំរាកដើម្បីយកពេលទៅធ្វើអ្វីផ្សេងទៀត។ មិនថាជាហេតុផលអ្វីក៏ដោយ អោយតែវាជាមូលហេតុច្បាស់លាស់ដែលធ្វើឲ្យអ្នកមានអារម្មណ៍រំភើបដើម្បីងើបចេញពីកន្លែងគេង ហើយមិនយូរមិនឆាប់អ្នកនឹងបង្កើតវាបានជាទំលាប់។
២. កំណត់គោលដៅពីតូចទៅធំ និងពីតិចទៅច្រើន
វាពិតជាសំខាន់ខ្លាំងណាស់ក្នុងការកំណត់គោលដៅពីតូចទៅធំ និងពីតិចទៅច្រើន។ យើងភាគច្រើនចង់ក្រោកលឿនជាងមុនពីរឬបីម៉ោង ប៉ុន្តែយើងដាក់គោលដៅធំពេកដែលតម្រូវឲ្យយើងខំប្រឹងខ្លាំងជ្រុលហើយចុងបញ្ចប់ក៍ត្រូវបោះបង់គោលដៅនោះចង់។ ខ្លួនប្រាណរបស់យើងមិនអាចធ្វើការផ្លាស់ប្តូរដូចយើងចង់បាន បានភ្លាមៗនោះទេ វាត្រូវការពេលដើម្បីខ្លួនប្រាណរបស់យើងសុំាបាននឹងទម្លាប់ថ្មី។
ដូច្នេះអ្នកអាចចាប់ផ្តើមពីគោលដៅតូចជាមុនសិនដូចជាងើបលឿនជាងមុន ៣០ នាទី ក្រោយមកទៀតពេលដែលយើងធ្វើវាបានហើយ អ្នកអាចបង្កើនទៅជាងើបលឿនជាងមុន ១ ម៉ោង ហើយបន្តទៅមុខទៀតរហូតដល់គោលដៅដែលអ្នកចង់បាន។
3. កំណត់កាលវិភាគចូលគេងដែលសមស្របនឹងអ្នក
បើអ្នកចង់ក្រោកពីព្រលឹមអ្នកត្រូវតែឆាប់ចូលគេងផងដែរ អ្នកត្រូវកំណត់ពេលចូលគេងដែលសមស្របនឹងស្ថានភាពរាងកាយរបស់អ្នក ប៉ុន្តែកាន់តែឆាប់ចូលគេងកាន់តែល្អព្រោះវាពិតជាជះឥទ្ធិពលខ្លាំងណាស់ទៅលើសមត្ថភាពដែលអ្នកអាចជំរុញខ្លួនឯងឲ្យរួតរះក្រោកពីភួយ ហើយត្រូវប្រាកដថាអ្នកបានដេកគ្រប់គ្រាន់តាមការនែនាំ។
4. ទុកម៉ោងរោទ៍អោយផុតពីដៃ
បើអ្នកទុកម៉ោងរោទ៍ជិតដៃរបស់អ្នក អ្នកប្រាកដជាបិទម៉ោងរោទ៍ហើយដេកទៅវិញជាមិនខានព្រោះស្មារតីរបស់មិនទាន់ស្វាងនៅទ្បើយ។ ដើម្បីយកជំនះលើបញ្ហានេះអ្នកត្រូវដាក់ម៉ោងរោទ៍អោយឆ្ងាយពីកន្លែងអ្នកគេង ដូច្នេះពេលដែលអ្នកចង់បិទវា អ្នកត្រូវតែបង្ខំខ្លួនឯងអោយងើបឈរ ហើយដើរសំដៅទៅរកម៉ោងរោទ៍ដែលជាវិធីមួយដែលធ្វើឲ្យអ្នកស្វាងលឿន។